11/12/2021
ព្រះគ្រូហ្វា-ត្សាង (Fa-tsang) ជាព្រះសង្ឃរាជទី៤ នៃពុទ្ធសាសនាចិននិកាយហួ-យ៉េន (Hua-Yen)។ លោកប្រសូតនៅអតីតរាជធានីឆាង-អាន ប្រទេសចិន នៅក្នុងឆ្នាំ ៧៣៨, តែបុព្វបុរសរបស់លោកបានធ្វេីអន្តោប្រវេសន៍ មកពីតំបន់សោគឌា (Sogdia) នៃតំបន់អាស៊ីកណ្តាល ។ ព្រះសង្ឃអង្គនេះចូលសាងផ្នួសតាំងពីអាយុ ១១ ឆ្នាំ ហេីយក៏ក្លាយជាអ្នកមានចំណេះដឹងជ្រៅជ្រះក្នុងមណ្ឌលពុទ្ធសាសនា ។ លោកបានបន្សល់ទុកនូវស្នាដៃជាអត្ថបទបកប្រែ និងការអធិប្បាយយ៉ាងច្រេីន ។ ព្រះសង្ឃរាជ ហ្វា-ត្សាង ត្រូវបានគេពិពណ៌នាថាជាមនុស្សយក្ស ដោយសារតែរូបកាយលោកមានកំពស់ ២,៧៥ ម៉ែត្រ មានធ្មេញ ៤០ មានដៃវែងធ្លាក់ចុះដល់ក្រោមជង្គង់ ភ្នែកទាំងគូរបស់លោកមានពន្លឺចាំងចេញនៅពេលយប់ងងឹត ។ ព្រះសង្ឃរាជហ្វា-ត្សាងទទួលអនិច្ចធម្មនៅក្នុងឆ្នាំ៨២០ ។ លោកត្រូវបានគេកត់ត្រាទុកថា កាលលោកមានព្រះជន្មគង់នៅ លោកបានប្រតិបត្តតាមពាក្យសច្ចាធិដ្ឋានរបស់លោក ទាំង ១០ ខ យ៉ាងហ្មត់ចត់ គឺ: ១-កាយរបស់លោកមិនបានធ្វេីអ្វីមួយ ឲ្យសៅហ្មងដល់កិត្តិយសរបស់ស្រមណ៍ឡេីយ, ២-ចិត្តគំនិតរបស់លោកមិនប្រព្រឹត្តល្អៀង ពីពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធឡេីយ, ៣-នៅពេលអង្គុយ លោកមិនប្រព្រឹត្តល្មេីសពីធម៌វិន័យឡេីយ, ៤-ធម្មជាតិរបស់លោកមិនប្រឡាក់ដោយតណ្ហាឡេីយ, ៥-បាទជេីងរបស់លោក មិនដែលជាន់លេីផ្ទៃដីនៃអារាមរបស់ភិក្ខុនី ឬដូនជីឡេីយ, ៦-ខ្នងរបស់លោក មិនដែលផ្អែកកៅអី ឬគ្រែផ្អែក នៅតាមគេហដ្ឋាននៃពួកគ្រហស្ថឡេីយ, ៧-ភ្នែករបស់លោកមិនសម្លឹងមេីលអ្វី ដែលមិនសមរម្យឡេីយ, ៨-អណ្តាតរបស់លោកមិនពាល់រសអាហារ នៅក្រោយពេលថ្ងៃត្រង់ជាដាច់ខាត, ៩-ដៃរបស់លោក កាន់ខ្សែគ្រាប់អង្កាំជាប់ជានិច្ច, ១០-លោកសឹងមិនដែលឃ្លាតចេញពីត្រៃចីវរនិងបាត្រឡេីយ ៕ (ដកស្រង់ចេញពីសៀវភៅ ពុទ្ធសាសនានៅប្រទេសចិន របស់ភិក្ខុបណ្ឌិត ញ៉ែម គឹមតេង វជិរប្បញ្ញោ)
សូមអនុមោទនា
(រូបបដិមាព្រះសង្ឃជាតិចិន សាងពីថ្មក្រហមនៅរជ្ជកាលរាជវង្សឈី (ឆ្នាំ៥៥០-៧៧) សព្វថ្ងៃតម្កល់នៅសារមន្ទីរ Harvard ទីក្រុងបុស្តុន សហរដ្ឋអាមេរិក) ។