30/09/2023
រឿងទី២: ព្រះអរហន្តពាងទឹក
មានភិក្ខុមួយរូប ជាមនុស្សកុហក ចង់ឲ្យគេដឹងថាខ្លួនជាព្រះអរហន្តមានប្ញទ្ធិពិសេស បានកប់ពាងទឹកខាងក្នុងបន្ទប់របស់ខ្លួន ពេលមនុស្សម្នាមកជួប ក៏ចូលលាក់ខ្លួនក្នុងពាង។ ពួកមនុស្សបានសួរសិស្សរបស់លោកថា "តើព្រះថេរៈគង់នៅ ឬនិមន្តទៅទីណា?" កូនសិស្សប្រាប់ថា "ព្រះថេរៈគង់នៅក្នុងបន្ទប់របស់លោក។" ពួកមនុស្សចូលទៅមើលក្នុងបន្ទប់ មិនបានឃើញ ក៏ចេញមកក្រៅកុដិវិញ។
ភិក្ខុកុហកនោះ បានចេញពីពាង ហើយអង្គុយលើកៅអីធ្វើកន្តឹមៗ។ ពួកមនុស្សនិយាយទៅកាន់សិស្សរបស់លោកថា "ពួកកូរណាចូលទៅពិនិត្យមើលអស់ហើយ មិនបានឃើញព្រះថេរៈទេ។" សិស្សលោកក៏តបវិញ "ញោមទៅមើលម្តងទៀតទៅ លោកនៅក្នុងបន្ទប់នោះឯង។" ពួកមនុស្សបានចូលទៅម្តងទៀតក៏ឃើញភិក្ខុកុហកនោះ រួចក៏សួរថា "បពិត្រលោកម្ចាស់ដ៏ចម្រើន គ្រាដំបូងយើងខ្ញុំទាំងឡាយមិនបានឃើញលោកម្ចាស់ ទើបនាំគ្នាចេញទៅវិញ តើមុននេះលោកម្ចាស់និមន្តទៅទីណា? ហើយត្រឡប់មកវិញតាមណា?" កាលបើគេសួរដូច្នោះ ភិក្ខុកុហកនោះ រមែងសំដែងនូវភាពនៃខ្លួនដូចជាព្រះអរហន្ត និងដូចជាអ្នកមានប្ញទ្ធិ ដោយពោលពាក្យថា "ធម្មតាពួកសមណៈអ្នកចម្រើនដោយចិត្ត រមែងទៅកាន់ទីឋានដែលខ្លួនប្រាថ្នា។"
(ការនិយាយបែបនេះគឺចង់ឲ្យគេយល់ច្រឡំថា ខ្លួនមានប្ញទ្ធិ ទៅណាមកណាស្រេចតាមចិត្ត ចង់ហោះក៏បាន ជ្រែកដីក៏បាន បំបាំងខ្លួនមិនឲ្យគេឃើញក៏បានជាដើម។)
នៅស្រុកខ្មែរយើង កន្លែងដែលល្បីថាអ្នកមានបុណ្យ ជាព្រះនេះ ជាព្រះនោះ ហើយមានអាថ៌កំបាំង ធ្វើឲ្យមនុស្សជឿភ្លូកភ្លឹក មានច្រើនណាស់មែនទេ?
តាមពិត បើទោះបីមានព្រះអរហន្តពិតឬអត់មិនសំខាន់ទេ សំខាន់គឺយើងម្នាក់ៗ គួរដឹងថា អ្វីគួរចម្រើន អ្វីគួរលះ តើគួរប្រតិបត្តិខ្លួនបែបណា?
មិនមែនដើរតត្រុករកអ្នកមានបុណ្យឡើយ។
ដូចពាក្យថា ព្រះបាទធម្មិក ពាក្យនេះជាពាក្យល្អ ប៉ុន្តែប្រែក្លាយជារឿងវឹកវរក្នុងសង្គមខ្មែរ។ ខ្មែរដ៏ច្រើនបាត់បង់ការទុកចិត្តលើសមត្ថភាពខ្លួនឯង ស្វែងរកព្រះបាទធម្មិកឲ្យជួយ។
ធម្មិក ប្រែថា អ្នកប្រកបដោយធម៌ អ្នកមានធម៌ ឬអ្នកប្រព្រឹត្តធម៌ មិនមែនជាពាក្យផ្តាច់មុខសម្រាប់អ្នកអស្ចារ្យណាម្នាក់ឡើយ នរណាក៏ដោយ ឲ្យតែមានសេចក្តីល្អនៅក្នុងខ្លួន គឺមានឈ្មោះថាជាធម្មិកហើយ។
នមោ តស្ស!!!
Credit: San Sochea VP