27/01/2026
នៅថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ កម្មវិធីសម្ពោធសាលាមាតានៃសន្តិភាពថ្នាក់អប់រំបរិយាបន្ន របស់ព្រះសហគមន៍កាតូលិកបាត់ដំបង ក្នុងគម្រោងសមត្ថភាពជនពិការ នៃអង្គការករុណាបាត់ដំបង ដោយមានការនិមន្ត និងអញ្ជើញចូលរួមក្រោមអធិបតីភាព លោកអភិបាល អេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង និងជាប្រធាននៃអង្គការករុណាបាត់ដំបង ព្រះយសបញ្ញា បណ្ឌិត វី សុវិជ្ជា ព្រះប្រធាន សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តបាត់ដំបង លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង លោក ទុំ ឈៀត ជានាយកប្រតិបត្តិនៃអង្គការករុណាបាត់ដំបង ព្រមទាំងមានការចូលរួមពីសំណាក់បងស្រី លោកគ្រូអ្នកគ្រូ បុគ្គលិកអង្គការករុណាបាត់ដំបង ភ្ញៀវជាតិ និងអន្តរជាតិ។ ក្នុងនោះផងដែរលោកអភិបាល បានមានប្រសាសន៍ថា៖ ខ្ញុំសូមលើកទឹកចិត្តដល់ម្តាយឪពុក ដែលមានកូនៗមានបញ្ហាសតិបញ្ញា សូមបញ្ជូនកូនមកទទួលការអប់រំនូវសាលាមាតានៃសន្តិភាពនេះ ដើម្បីឱកូនៗមានការអភិវឌ្ឍខ្លួនទៅខាងមុខដោយល្អប្រសើរ។ ជាមួយគ្នានោះដែរ ព្រះយសបញ្ញា បណ្ឌិត វី សុវិជ្ជា បានមានសង្ឃដីការថា៖ សាលាអប់រំពិសេសមាតានៃសន្តិភាពនេះផ្តល់ឱកាសដល់កុមារគ្រប់រូបដែលមានបញ្ហាសតិបញ្ញា ហើយបច្ចុប្បន្ននេះយើងមានឃើញថា កំពុងមានការកើនឡើងនៅក្នុងសហគមន៍យើង ក្នុងនោះខេត្តបាត់ដំបងយើងក៏មានកុមារជួបបញ្ហាសតិបញ្ញាច្រើនដែរ។ ការបង្កើតសាលាអប់រំពិសេសមាតានសន្តិភាព ក្នុងក្រុងបាត់ដំបងនេះ គឺជាការឆ្លើយតបទៅនឹងអ្វីដែលជាសេចក្តីត្រូវការពិតប្រាកដមួយក្នុងសង្គមរបស់យើង ដែលទាមទារឱ្យយើងរួមគ្នាដោះស្រាយ ហើយអាត្មាភាពក៏មានចិត្តសប្បាយរីករាយ ដែលបានឃើញមានសាលានេះសម្រាប់ប្រជាជន នៅក្នុងក្រុងបាត់ដំបង ហើយក៏ជាការបំពេញការខ្វះចន្លោះនូវអ្វីដែលយើងចាំបាច់ត្រូវតែធ្វើនៅក្នុងសង្គមរបស់យើង។ ក្នុងនាមព្រះសង្ឃមួយអង្គ គឺសូមគាំទ្រគ្រប់កិច្ចការទាំងឡាយដែលជួយដល់កុមារ ជាពិសេសកុមារដែលមានបញ្ហាសតិបញ្ញា ហើយយើងមិនគួររើសអើង ឬបោះបង់កុមារទាំងនោះចោលទេ ត្រូវតែឱបក្រសោបពួកគាត់ និងផ្តល់ការអប់រំដល់ពួកគាត់ ទាំងផ្លូវកាយ និងខាងបញ្ញា។ លោក យី សុងគី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបាត់ដំបងបានលើកឡើងថា៖ ខ្ញុំសូមអរគុណ និងកោតសរសើរដល់អង្គការករុណាបាត់ដំបង ជាពិសេសលោកអភិបាល អេនរីគេ ហ្វីការេដូ និងក្រុមការងារទាំងអស់ដែលបានបង្កើតឱ្យមានសាលាអប់រំពិសេស មាតានៃសន្តិភាពនេះ ។ ខ្ញុំគិតថាសាលានេះមានសារសំខាន់សម្រាប់កុមារដែលមានបញ្ហាសតិបញ្ញានៅក្នុងខេត្តបាត់ដំបង ហើយខ្ញុំមានក្តីសង្ឃឹមថាសាលានឹងដំណើរការទៅយ៉ាងល្អ និងអប់រំឱ្យកុមារមានការរីកចម្រើនទៅខាងមុខដោយជោគជ័យ។